(កណ្ដាល)៖ វេលាខ្ទង់ម៉ោង១០ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ របងដេប៉ូខ្សាច់ឈ្មោះ សួន សុផាន់ណារីតា បានបាក់បណ្ដាលឲ្យទឹក និងខ្សាច់ហៀរហូរចូលផ្ទះពលរដ្ឋជិតខាង បណ្ដាលឲ្យលិចលង់ ខណ:ដែលពលរដ្ឋម្នីម្នារូតរះបោសសំអាត និងស្នើរសុំជំនួយ។ ទីតាំងកើតបញ្ហានេះ ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
បើតាមពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ម៉ោងប្រហែល១០ព្រឹក ស្រាប់តែរបងស្រាប់តែបាក់រលំមួយផ្នែក បណ្ដាលឲ្យទឹកហូរចេញនាំខ្សាច់មកយ៉ាងសន្ធប់ហូរចូលផ្ទះ បន្ទប់ជួលនៅជិតខាងលិចលង់ភ្លាមៗតែម្ដង ហើយពលរដ្ឋនាំគ្នាម្នីម្នារួតរះ បោសសំអាត និងបើកមុខលូដើម្បីឲ្យទឹកហូរចូល និងនាំគ្នាសំអាតផ្ទះរៀងៗខ្លួន។
ពួកគាត់ស្នើសុំអាជ្ញាធរពិនិត្យមើលបទដ្ឋានបច្ចេកទេសដេប៉ូខ្សាច់ផង ព្រោះកើតហានិភ័យណាស់ បើសិនជាមានកូនតូចកំពុងគេង អាចនឹងលង់ស្លាប់ជាយថាហេតុ ព្រោះទឹកនិងខ្សាច់ហូរសន្ធប់មកភ្លាមៗ ជួយមិនទាន់ទេ។
ចំពោះករណីនេះ ម្ចាស់ដេប៉ូច្សាច់ និងមេការ មិនអាចស្នើសុំសម្ភាសន៍បានទេ៕