(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន។
កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។
គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា បាននាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអាយប៉ា លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។
សូមរំលឹកថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៉ីន ប្រទេសថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន។ ចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន ១០លើករួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមប្រព័ន្ធនិម្មិត (ប្រព័ន្ធវីដេអូ)។ ឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានេះ៕