ភ្នំពេញ៖បុរសពោះម៉ាយម្នាក់បែកបាក់ប្រពន្ធជាច្រើនឆ្នាំមានកូន៣នាក់ក្នុងបន្ទុកបានរាយខ្សែភ្លើងចេញពីបន្ទប់ទៅឆក់ត្រីក្នុងអូរក្រោយផ្ទះទំនងភ្លាត់ស្នៀតក៏ឆក់ស្លាប់ខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងនៅម្តុំផ្លូវថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា។ ប្អូនថ្លៃជនរងគ្រោះបានឱ្យដឹងថា បងដែលស្លាប់ឈ្មោះ តូចសុផល អាយុ៤២ឆ្នាំស្នាក់នៅជិតកន្លែងខាងលើជាបុរសពោះម៉ាយលែងលះជាមួយប្រពន្ធជាច្រើនឆ្នាំមកហើយមានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក។
ប្អូនថ្លៃបានបន្តថា ព្រឹកថ្ងៃទី១៧ខែ វិច្ឆិកាមុនកើតហេតុរូបគាត់បានរាយខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីក្នុងអូរក្រោយផ្ទះ។លុះរសៀលថ្ងៃដដែលមិនឃើញគាត់មកផ្ទះវិញហើយ ខ្សែភ្លើងក៏មិនទាន់ដកទើបនាំគ្នារកមើលតាមខ្សែភ្លើងដែលរាយនោះស្រាប់តែឃើញបងថ្លៃស្លាប់ក្នុងទឹកក្រោយផ្ទះបាត់ទៅហើយដោយចោលកូន៣នាក់ឱ្យនៅកំព្រា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យនិងបញ្ជាក់ថា បុរសខាងលើស្លាប់ដោយសារចរន្តភ្លើងឆក់ ៕