(តាកែវ)៖ អាជីវករអ្នករកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។
បានលើកឡើងថា មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ តែងតែដេញស្ទាក់ ចាប់រថយន្តដឹកទំនិញគ្រឿងជ័រ របស់ពួកខ្លួនជាញឹកញយ..!។
ដើម្បីកំណត់យកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ ដោយពុំចេញវិក្កយបត្រ ឬ ផាកពិន័យបង់ពន្ធចូលរដ្ឋអ្វីឡើយ។
ករណីនេះពុំមានការបកស្រាយពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ.នោះទេ!។អាជីវករម្នាក់ ដែលប្រកបការងារដឹកទំនិញគ្រឿងជ័រ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដោយប្រើរថយន្តកូរ៉េ.!។
បានបញ្ជាក់ថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ បានចាប់រថយន្តដឹកទំនិញរបស់ខ្លួន និងបានកំណត់យកលុយពីគាត់ បានសម្រេចជាង១០លានរៀល ទើបព្រមដោះលែងវិញ! ។
អាជីវកររូបនេះបញ្ជាក់ទៀតថា លុយជាង១០លានរៀល ដែលខ្លួនបានប្រគល់ឱ្យទៅមន្ត្រីគយនៅពេលនោះ ជាការសម្របសម្រួលស្ងាត់ៗ រវាងខ្លួននិងមន្ត្រីគយ ពោលគឺពុំមានចេញវិក្កយបត្រ បង់ពន្ធចូលរដ្ឋនោះទេ។
អាជីវករដដែលបន្ថែមថា មិនមែនមានតែរូបគាត់ប៉ុណ្ណោះទេ ដែលត្រូវមន្ត្រីគយខេត្តតាកែវ ចាប់រថយន្តដឹកទំនិញ សម្រួលយកលុយនោះ!។
ពោលគឺ អាជីវករដទៃទៀត ក៏មានវាសនាមិនខុសពីខ្លួនដែរ ដោយត្រូវបានមន្ត្រីគយខេត្តតាកែវ ចាប់រថយន្តដឹកទំនិញជាបន្តបន្ទាប់ ក្រោមហេតុផលបង់ពន្ធមិនគ្រប់.!។
ដើម្បីសម្រួលយកលុយជាហូរហែ ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ ដោយពុំមានការផាកពិន័យចូលរដ្ឋ នោះឡើយ។
ខណៈសកម្មភាពបែបនេះ គឺមានជាយូរ.ខែ.ឆ្នាំមកហើយ រហូតក្លាយទៅជាទម្លាប់ទៅហើយ..!។
ទន្ទឹមនិងនោះ កាលពីយប់ទី២៤.១០.២០២៣ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ ក៏បានចាប់រថយន្តដឹកទំនិញគ្រឿងជ័រ ចំនួន២គ្រឿងផងដែរ..!។
ប៉ុន្តែលើកនេះ មន្ត្រីគយ បានប្ដូរគោលការពីការចាប់សម្រួលយកលុយស្ងាត់ៗ មកជាការផាកពិន័យ ចូលរដ្ឋជំនួសវិញ!។
ដោយរថយន្ត១គ្រឿង មន្ត្រីគយទារផាកពិន័យចំនួន១០.២០០$(មួយម៉ឺនពីររយដុល្លារ) និងរថយន្ត១គ្រឿងទៀត គយទារផាកពិន័យ ដល់ទៅជាង ៩.០០០$(ប្រាំបួនពាន់ដុល្លារ)ឯណោះ!។
បើតាមការលើកឡើងពីអាជីវករ ទោះបីជាពួកគាត់ បង់ពន្ធនាំចូលនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ហើយក្ដី!។
ប៉ុន្តែរាល់ការដឹកជញ្ជូនទំនិញរបស់ខ្លួន គឺត្រូវបង់លុយបាយទឹកឱ្យមន្ត្រីគយ តាមដងផ្លូវ ជាបន្តបន្ទាប់ ក្នុង១កន្លែងៗ អស់ចាប់ពី៥០.០០០រៀល ទៅ១០០.០០០រៀល ជាកំហិត។
លើសជាងនេះទៀត ពួកគាត់ក៏ប្រឈម នឹងការចាប់សម្រួល យកលុយជាង១០លានរៀល សម្រាប់រថយន្ត១គ្រឿងៗថែមទៀត..!។
កត្តាទាំងនេះហើយ បណ្ដាលឱ្យពួកខ្លួន ដែលជាអ្នកប្រកបការងារដឹកជញ្ជូនទំនិញពីវៀតណាមចូលមកកម្ពុជា ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវ ជួបការលំបាកកាន់តែខ្លាំង រហូតរកប្រាក់ចំណេញលែងបាន ហើយប្រឈមនិងក្ស័យធន!។
-នេះគ្រាន់តែជាប្រភពនៃការអះអាង របស់អាជីវករប៉ុណ្ណោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យថា ជាការពិតឬយ៉ាងណានោះទេ…។
ដោយនៅព្រឹកទី០២.០១.២០២៤«ដើមរាំង»បានព្យាយាមសុំការបញ្ជាក់ពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ.ប៉ុន្តែលោកពុំបកស្រាយឡើយដោយថ្លែងយ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទ..!។
គួរម្លឹកថា កាលពីថ្ងៃទី០៩.ខែវិច្ឆិកា.ឆ្នាំ២០២៣ ក្រុមអាជីវកររាប់រយនាក់ បានប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ា នៅមុខស្នាក់ការគយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ដោយពេលនោះ អាជីវករ ទាមទារ៣ចំណុច៖
ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន!។
២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ..!។
៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ឱ្យគេ!។
យ៉ាងណាក៏ដោយ អាជីវករសូមស្នើដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវចំពោះករណីខាងលើផងទាន! ។
ដើម្បីជៀសវាងកុំឱ្យមហាជន ចោទប្រកាន់ថា ករណីចាប់រថយន្តដឹកទំនិញ សម្រួលយកលុយស្ងាត់ៗ ដោយមិនផាកពិន័យចូលរដ្ឋ ជាសិល្បៈច្រវាចិញ្ចឹមឆ្ដោ៕