ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានកម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១២:៥០នាទីនាថ្ងៃខែឆ្នាំដដែរ ដោយប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តផ្សេងៗទៀត។
ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងកម្តៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ បណ្តាលឲ្យខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន ១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕