ព័ត៌មានសន្តិសុខសង្គម

តុលាការ កាត់ទោសឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន១១៨គីឡូក្រាម ដាក់គុកម្នាក់ៗអស់១ជីវិត… (១១៨)គីឡូក្រាម😲

(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រីក្សារចៅក្រមជំនុំជម្រះ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការ ប្រកាសសាលក្រមលើសំណុំរឿងឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន១១៨គីឡូក្រាម ដោយសម្រេចផ្តន្ទាទោសឈ្មោះ សែរហឹរ សោមឆាយ SAEHOE SOMCHAI ជនជាតិថៃ និងឈ្មោះ សែរហឹរ ថាណាត់ SAEHOE THANAT ជនជាតិថៃ ដាក់ពន្ធនាគារម្នាក់ៗអស់១ជីវិត និងពិន័យក្នុងម្នាក់ៗ៨០លានរៀល។

សូមរំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន ១១៨គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់គ្នា (០៣គោលដៅក្នុងរាជធានី)៖
* គោលដៅទី១៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០០៖២០នាទី សមត្ថកិច្ចបានបង្ក្រាប នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
* គោលដៅទី២៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖២០នាទីរំលងអាធ្រាត្រ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរ នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។
* គោលដៅទី៣៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរ នៅចំណុចផ្ទះលេខ២BC ផ្លូវ១០៧ ភូមិភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ១. ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ និងឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩១ ដោយដកហូតថ្នាំញៀន ១-មេតំហ្វេតាមីន (METHAMPHETAMINE)ទម្ងន់ ៦៧៨៤៩,៦០ ក្រាម (៦៧គីឡូ ៨៤៩,៦០ ក្រាម និង២-កេតាមីន (KETAMINE) ទម្ងន់ ៥០៩៥៩,២០ ក្រាម (៥០គីឡូ ៩៥៩.២០ ក្រាម)។ សរុបរួមសារធាតុញៀនមានទម្ងន់៖ ១១៨៨០៨,៨០ ក្រាម (១១៨គីឡូ ៨០៨.៨០ក្រាម)។

សូមជម្រាបថា មន្ត្រីជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ បានខិតខំចុះបង្ក្រាបបានបទល្មើសគ្រឿងញៀនយ៉ាងសស្រាក់សស្រាំ ដោយមិនគិតពីការនឿយហត់ឡើយ ដែលករណីខ្លះបានរងរបួស និងខ្លះទៀតបាត់បង់ជីវិតក៏មាន។

ជាមួយគ្នានេះ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេសឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀនករណីធំៗជាច្រើ​នជាបន្តបន្ទាប់។

បន្ថែមលើពីនេះ អនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលជំរុញណែនាំឱ្យកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឱ្យអស់ពីកម្ពុជា និងដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តកាន់ខ្លាំងថែមទៀត ក្នុងការបោសសំអាត និងបង្ក្រាបគ្រឿងញៀនឱ្យអស់ដោយមិនរុញរាឡើយ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា កម្លាំងសម្ងាត់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានពង្រាយគ្រប់រាជធានី-ខេត្ត ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យអស់៕

bvt

Leave a Reply

Your email address will not be published.