ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្
ផ្សាយចេញនៅថ្ងៃទី 11/09/2024
ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះ ដោយសារអាងស្តុកទឹកឆៅទាំងពីរទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ
(បន្ទាយមានជ័យ)៖ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹកប្រើប្រាស់នាពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើនូវតែរាំងស្ងួតមិនមានភ្លៀងធ្លាក់ទេនោះ ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានជំរាបជូនដល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថា ក្រុមហ៊ុនមានអាងស្តុបទឹកឆៅចំនួន ២ទីតាំង ចំណុះប្រហែល ៩០០០ ០០០ម៉ែត្រគីប ហើយជាក់ស្ដែងអាងស្តុបទឹកទាំងពីរនេះសល់ទឹកឆៅត្រឹមតែ ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាអាកាសធាតុនៅតែបន្តរាំងស្ងួត ទើបពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ធ្វើការបិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។ ហើយសម្រាប់តំបន់ដែលនៅចុងបណ្ដាញមួយចំនួនត្រូវបិទផ្គត់ផ្គង់ ១២ម៉ោង និងបើកផ្គត់ផ្គង់វិញ ១២ម៉ោងទៅតាមពេលកំណត់ ។
ក្រុមហ៊ុនទឹកស្អាតអានកូ បញ្ជាក់ថា បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាសធាតុនៅតែរាំងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ ការផ្គត់ផ្គង់ទឹកស្អាតនិងត្រូវខ្វះឬអាចនឹងដាច់ទឹកមួយរយៈទម្រាំនឹងមានទឹកសម្រាប់ផ្គត់ផ្គង់វិញ។ដូច្នេះសូមបងប្អូនត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះដើម្បីត្រៀមបម្រុងការពារទឹកដាច់ជាយថាហេតុ។